មិនទទួលបានជោគជ័យ ក្នុងការលក់ផលិតផល ឬ សេវាកម្មរបស់ Affiliate មែនទេ? មានន័យថាអ្នកកំពុងដើរខុសផ្លូវ ឬ ប្រើវិធីសាស្រ្តមិនទាន់ត្រឹមត្រូវនោះទេ។ ការធ្វើ Affiliate យើងអាចនិយាយបានថា មានពីរប្រភេទ គឺប្រើប្រាស់វិធីសាស្ត្រត្រូវ និងប្រើប្រាស់វិធីសាស្ត្រខុស។
ដូច្នេះហើយ សូមអានអត្ថបទខាងក្រោម ទៅមើលថាតើមួយណាដែលកំពុងជាបញ្ហាសម្រាប់អ្នក? បន្ទាប់មកព្យាយាមកែប្រែ បញ្ហានោះដើម្បីអោយការលក់ ប្រែទៅជាល្អឡើងវិញ។

ខាងក្រោមនេះគឺជាចំនុចមួយចំនួនដែលអ្នកត្រូវជៀសវាង
១. ជ្រើសរើសផលិតផល យកមកធ្វើ Affiliate មិនត្រឹមត្រូវ
ប្រសិនបើអ្នក ចង់អោយមានការលក់ដាច់លើកដំបូង អ្នកត្រូវជ្រើសរើស ផលិតផល ឬ សេវាកម្ម Affiliate ណាមួយដែលត្រឹមត្រូវ។ ផលិតផល ដែលហៅថាជា Affiliate ត្រឹមត្រូវ សមស្របសម្រាប់អ្នកនោះគឺ ជាផលិតផលដែលអ្នក យល់ច្បាស់ ហើយប្រសិនបើអាច អ្នកត្រូវតែជា មនុស្សដែលបានសាកល្បងប្រើប្រាស់ផលិតផលនោះដោយខ្លួនឯងរួចជាស្រេច។
ការជ្រើសរើសផលិតផលត្រឹមត្រូវ គឺជារឿងដំបូងដែលអ្នកត្រូវយកចិត្តទុកដាក់បំផុត។ ប្រសិនបើអ្នកមានគេហទំព័រខ្លួនឯង អ្នកនិងមិនខ្ជិលក្នុងការសរសេរអត្ថបទពីផលិតផលនោះ ដើម្បីផ្សព្វផ្សាយនោះទេ។ សរសេរជាប្រចាំ រៀបរាប់ពីអត្ថប្រយោជន៍ និងគុណសម្បត្តិរបស់ ផលិតផលនោះនៅលើគេហទំព័រ ជាញឹកញាប់ អ្នកប្រាកដជាអាចរកអតិថិជន ដែលចាប់អារម្មណ៍និងផលិតផលនោះជាក់ជាមិនខាន។
២. ចូលរួមជាមួយ កម្មវិធី Affiliate ច្រើនពេក
កម្មវិធី Affiliate មួយចំនួន យើងអាចនិយាយបានថា ងាយស្រួលក្នុងការចុះឈ្មោះចូលរួម កម្មវិធីខ្លះសូម្បីតែយើងមិនមានគេហទំព័រ ក៏គេអនុញ្ញាតិអោយយើងចូលរួម ជាសមាជិករបស់គេបានដរ។
ដោយមើលឃើញពីភាពងាយស្រួលនេះហើយ ខ្ញុំគិតថាអ្នកដែលទើបតែនិងចូលរួម កម្មវិធី Affiliate ថ្មី ច្បាស់ជាមិនខុសពីខ្ញុំប៉ុន្មាននោះទេ អោយតែឃើញមាន ផលិតផលណា ដែលគេអនុញ្ញាតិអោយមាន Affiliate គឺចុះឈ្មោះចូលរួមរហូត។
ជាក់ស្តែង ការដែលយើងព្យាយាមចំណាយពេលដើរចុះឈ្មោះចូលរួម ជាមួយកម្មវិធី Affiliate ច្រើនពេក ធ្វើអោយយើងមិនមានពេលរៀបចំ គេហទំព័ររបស់យើង ធ្វើអោយយើងមិនមានពេល រៀបចំកម្មវិធីផ្សព្វផ្សាយពាណិជ្ជកម្ម ទៅលើផលិតផលណាមួយជាក់លាក់។
ចំនុចពិសេសមួយទៀតនោះគឺ ការដែលយើងចូលរួមកម្មវិធី Affiliate ច្រើនពេកធ្វើអោយយើងមិនបាន សិក្សាររៀនសូត្រអំពីផលិតផលមួយៗ អោយច្បាស់លាក់នោះទេ។ យើងខ្លួនឯងមិនច្បាស់ផង តើចង់លក់ផលិតផលអោយទៅនណារ?
ដូច្នេះហើយ កុំព្យាយាមចុះឈ្មោះ កម្មវិធី Affiliate ច្រើនក្រុមហ៊ុន ឬ ផលិតផលពេក ព្រោះការដែលធ្វើបែបនោះ វានិងធ្វើអោយអ្នក មិនទទួលបានជោគជ័យ នោះទេ។ ដោយហេតុថាអ្នកនិងមិនមានពេលគ្រប់គ្រាន់ដើម្បីរៀបចំយុទ្ធសាស្ត្រសម្រាប់តាមដាន ការលក់ឡើយ។ គួរណាស់ សាកល្បង ១ ឬ ២ កម្មវិធី សិនក៏បានប្រសិនបើអ្នកទើបតែចាប់ផ្តើមធ្វើការងារនេះ ហើយព្យាយាមរៀបចំ កម្មវិធី Affiliate ១ ឬ ២ នោះអោយបានល្អបំផុត ទាំងយុទ្ធសាស្ត្រផ្សព្វផ្សាយ និង រៀបចំអត្ថបទដើម្បីដាក់បង្ហោះលើគេហទំព័ររបស់អ្នក។
៣. ចុះចាញ់ ឆាប់រហ័ស និងងាយប្តូរចិត្ត
ត្រង់ចំនុចនេះ មនុស្សដែលខ្ញុំបានណែនាំច្រើនណាស់ គឺងាយចុះចាញ់ ហើយប្តូរចិត្តទៅធ្វើអ្វីផ្សេងយ៉ាងលឿន។ អ្នកប្រហែលជាគិតថា ដើមឈើមួយដើម ដាំថ្ងៃនេះ ស្អែកចង់បានផ្លែញ៉ាំ ហើយមើលទៅ? គ្រប់យ៉ាងវាមិនងាយដូចការនិយាយនោះទេ អ្នកត្រូវដាក់ចិត្ត ចំណាយពេលវេលា ហើយអំណត់។
ការផ្លាស់ប្តូរយុទ្ធសាស្ត្រ ការរៀបចំរៀនសូត្រពីអ្នកដែលជោគជ័យលើវិស័យនេះ ហើយត្រូវចំណាយពេល រៀនសូត្រតាមបណ្តាញអ៊ីធើណេត បន្ថែមដោយខ្លួនឯងបន្ថែមទៀត ទើបយើងអាចនិងឃើញផ្លែផ្កាខ្លះនៅថ្ងៃបន្ទាប់។
ការសម្រេចចិត្តចង់ធ្វើ គឺធ្វើភ្លាមៗដោយមិនបាច់សិក្សារអោយច្បាស់ថាតើ ផលិតផលនោះ សមស្របនិងការចូលចិត្តរបស់យើងឬទេ? ហើយមនុស្សជុំវិញយើង ឬ គោលដៅដែលយើងអាចនិងយកទៅផ្សព្វផ្សាយ វាត្រូវនិងផលិតផលនោះដែរឬទេ? អ្នកខ្លះមិនទាំងបានគិតដល់ចំនុចនេះផង។
គាត់ចាប់ផ្តើមភ្លាមគាត់ គាត់ចុះឈ្មោះសឹងតែគ្រប់ផលិតផល ដែលមាន Affiliate ដែលគាត់បានជួបលើ អ៊ីធើណេត មិនថាផលិតផលនោះល្អសម្រាប់គាត់ ឬ ល្អសម្រាប់នណារ គាត់មិនបានខ្វល់នោះទេ។ ការធ្វើបែបនេះ គាត់បានត្រឹមតែចំណាយពេលអត់ប្រយោជន៍ និងគ្មានគោលដៅច្បាស់លាស់នោះទេ។
ដូចអ្វីដែលបានរៀបរាប់ខាងលើ មិនយូរប៉ុន្មានគាត់មិនឃើញលទ្ធផល មិនទទួលបានជោគជ័យ ច្បាស់ណាស់ គាត់និងចុះចាញ់ ឈប់ខ្វល់ ហើយនិងបោះបង់ចោលជាក់ជាមិនខាន។ ខ្ញុំហ៊ាននិយាយបែបនេះ ក៏ដោយសារតែខ្ញុំផ្ទាល់បានជួបរឿវរ៉ាវបែបនេះរួចទៅហើយ ពីមនុស្សដែលខ្ញុំបានណែនាំ។
ត្រង់ចំនុចនេះ ខ្ញុំសូមបញ្ជាក់បន្ថែមថា អ្នកជោគជ័យដ៏ច្រើនលើសលប់ ពួកគាត់ខ្លះបានចំណាយពេលសឹងតែពាក់កណ្តាលជីវិតរបស់គាត់ ទំរាំពួកគាត់បានទទួលជោគជ័យនៅថ្ងៃនេះ។ ដូច្នេះហើយ មិនថាការងារ Affiliate ឬការងារណានោះទេ អ្នកត្រូវមានគោលដៅ ការតាំងចិត្ត និងការអត់ធ្មត់ ហើយកុំភ្លេចបន្តរៀនសូត្រ និងស្រាវជ្រាវបន្ថែម។
៤. មិនបានរៀបចំ និង ជ្រើសរើសក្រុមមនុស្សដើម្បីលក់
ការរៀបចំ និងជ្រើសរើសក្រុមមនុស្ស ដើម្បីធ្វើការលក់ផលិតផលអោយគាត់ គឺជារឿងមួយសំខាន់បំផុតក្នុងវិស័យនេះ។ មានអ្នកធ្វើ Digital Marketing ជាច្រើនគេប្រើប្រាស់ Email Marketing ដើម្បីលក់ផលិផល ចូលទៅផ្ទាល់ក្នុង Email របស់អតិថិជនតែម្តង។
អ្នកអាចរៀបចំគេហទំព័ររបស់អ្នក អោយមានកន្លែងដែលអតិថិជន គាត់យល់ព្រមចុះឈ្មោះ ក្លាយជាសមាជិកនៃក្រុមរបស់អ្នក ដែលអ្នកបានរៀបចំ។ ក្រៅពីផ្សព្វផ្សាយការលក់ អ្នកក៏អាចផ្តល់ជាព័ត៌មានអំពីការបញ្ចុះតំលៃ ឬ ក៏ព័ត៌មានដែលមានប្រយោជន៍ផ្សេងៗ ដែលអ្នកគិតថាល្អ ក្នុងការផ្តល់ជូនទៅអតិថិជន ដែលនៅក្នុងក្រុមនោះ។
Email Marketing នៅតែជាយុទ្ធសាស្ត្រល្អបំផុតក្នុងការបង្កើនការលក់។ ហើយមានកម្មវិធីជាច្រើន ផ្តល់សេវាកម្ម ដើម្បីគ្រប់គ្រង Email របស់អតិថិជនអ្នក ដូចជា Plugin របស់ WordPress មួយឈ្មោះថា Mailster ក៏បានផ្តល់សេវានេះដែរ។
សូមព្យាយាម ជ្រើសរើសយកអតិថិជន ឬ ស្វែករក ក្រុមហ្វេសបុក ណាមួយដែលអ្នកគិតថា មានអតិថិជនគោលដៅរបស់អ្នកនៅទីនោះ ហើយបង្កើតសកម្មភាពផ្សេង ដែលធ្វើអោយអតិថិជនគោលដៅទាំងនោះគិតថា អ្នកជាមនុស្សម្នាក់ដែលអាចអោយគាត់ សួរនាំព័ត៌មានអំពី ផលិតផល ឬ សេវាកម្មណាមួយនោះ ដែលគាត់កំពុងតែត្រូវការ។ ធ្វើដូច្នេះ អ្នកមុខតែអាច បង្កើតការលក់ផលិតផល Affiliate បានដោយជោគជ័យជាក់ជាមិនខាន។
ជាចុងក្រោយសូមចងចាំថា អ្នកមិនអាចក្រោកពីគេងភ្លាម ហើយក៏ទទួលបានជោគជ័យភ្លាមនោះទេ។ អ្នកត្រូវមានការប្រឹងប្រែង ចំណាយពេលវេលាក្នុងការបង្កើតភាពជោគជ័យ។