ចាប់ផ្តើមសរសេរប្លក់ ឬ អត់? សម្រាប់ឆ្នាំ២០២៥នេះ តើអ្នកធ្លាប់មានគំនិតគិតចង់បង្កើតគេហទំព័រ ឬ ប្លក់តូចមួយឬទេ? អ្នកអាចជាមនុស្សចូលចិត្តសរសេររៀបរាប់ រឿងរ៉ាវនានា រៀបរាប់រឿងអ្វីមួយដែលជាបទពិសោធន៌ដែរអ្នកបានជួប ក៏ប៉ុន្តែអ្វីទាំងនោះអ្នកប្រហែលជាសរសេរវាដាក់ក្នុងសៀវភៅតែប៉ុណ្ណោះ ធ្លាប់គិតឬទេ? ថាចង់បង្កើតកូនគេហទំព័រតូចមួយ សម្រាប់ចែករំលែកបទពិសោធន៌ និង ចំណេះដឹងទាំងនោះដល់មហាជនទូរទៅ អោយពួកគាត់បានអាន និង យល់ដឹងអំពីបទពិសោធន៌ដែលអ្នកបានជួប?
មកដល់ត្រឹមនេះខ្ញុំចង់ប្រាប់ថា ក្រៅពីការសរសេររៀបរ៉ាប់រឿងរ៉ាវជីវិត ឬ បទពិសោធន៌នានារបស់អ្នក កូនគេហទំព័រនោះក៏អាចជាផ្នែកមួយអោយអ្នកអាចរកលុយពីវាបានផងដែរ ប្រសិនបើអ្នកចេះកែឆ្នៃវាអោយបានត្រឹមត្រូវជាប់លាប់។ តោះខាងក្រោមនេះ គឺជាហេតុផលមួយចំនួនដែលខ្ញុំសង្ឃឹមថា វានឹងអាចជម្រុញអោយអ្នក មានចិត្តចង់ចាប់ផ្តើមសរសេរប្លក់។
អំពីប្លក់
ចាប់ផ្តើមសរសេរប្លក់ តាមពិតទៅវាមិនមែនជារឿងថ្មីអីនោះទេ! សម្រាប់អ្នកប្រើប្រាស់ប្រព័ន្ធអ៊ីធើណេត ស្រាវជ្រាវឯកសារ ឬ មើលអ្វីថ្មី អត្ថបទទាំងនោះហើយដែលសរសេរឡើងដោយ អ្នកសរសេរប្លក់។ នៅស្រុកគេមានអ្នកសរសេរប្លក់ច្រើន ហើយសំបូរបែប ប្រធានបទក៏ច្រើន ងាយស្រួលក្នុងការស្វែងរក សម្រាប់ប្រទេសយើង ខ្ញុំយល់ថាមិនទាន់មានច្រើននៅឡើយទេ។ អ្នកខ្លះទៀតយល់ថា ការសរសេរប្លក់ទៅមិនរួចទេ ចប់ដោយសារគេប្រើប្រាស់ បណ្តាញសង្គមច្រើនហើយ គ្មាននណារមកអានប្លក់តាមគេហទំព័រនោះទេ។ ប្រសិនបើនេះជាការយល់ឃើញរបស់អ្នក! ហើយអ្នកកំពុងតែអានអត្ថបទនេះ នោះប្លក់នៅមិនទាន់ហួសសម័យនោះទេ។
សម្រាប់ខ្ញុំផ្ទាល់ កាលពីវ័យនៅរៀនខ្ញុំបានស្រាវជ្រាវច្រើន បានអានអត្ថបទល្អៗច្រើន តាមរយៈប្លក់ ឬ គេហទំព័រផ្ទាល់ខ្លួនរបស់អ្នកផ្សេង ដែលពួកគាត់បានចែករំលែក រឿងរ៉ាវល្អៗ បទពិសោធន៌ផ្សេងៗ វិធីប្រើប្រាស់កម្មវិធីកុំព្យូទ័រនានាជាច្រើន តាមរយៈប្លក់របស់ពួកគាត់ ខ្ញុំបានយល់ដឹងច្រើន ហើយអាចដោះស្រាយបញ្ហាដែលខ្ញុំជួបប្រទះផងដែរ។
សម្រាប់ប្រទេសកម្ពុជាយើង ការយល់ដឹងអំពីប្លក់ ហាក់នៅមានកំរិតមិត្តដែលខ្ញុំស្គាល់ មនុស្សទូរទៅដែលនៅជុំវិញខ្ញុំ ហាក់មិនមាននណារម្នាក់យល់ដឹង ឬ ចាប់អារម្មណ៌ អំពីប្លក់ឬគេហទំព័រអីនេះទេ។ ដូច្នេះហើយ អត្ថបទល្អៗ រឿងរ៉ាវផ្សេងៗ បទពិសោធន៌នានា ដែលសរសេរជាភាសាជាតិយើង ពិតជាមិនងាយស្វែងរកបានតាមរយៈប្រព័ន្ធទំនើបនេះទេ។
យើងទាំងអស់គ្នាអាចចាប់ផ្តើមប្លក់មួយបានដោយត្រូវការ Domain & Hosting ហើយសម្រាប់តម្លៃ Domain ដែលជាឈ្មោះប្លក់របស់យើង អាចចាប់ផ្តើមពី 5$ ឡើងទៅ រីឯ Hosting ប្រើសម្រាប់ផ្ទុកទិន្នន័យរបស់ប្លក់យើង អាចចាប់ផ្តើមប្រហែល 50$ ឡើងទៅតាមកញ្ចប់ Hosting ដែលអ្នកបានជ្រើសរើស។ បច្ចុប្បន្នខ្ញុំប្រើប្រាស់សេវា Hosting ពីក្រុមហ៊ុនមួយចំនួនផ្សេងៗគ្នា ក្នុងនោះមានដូចជា Hostinger, HostArmada, Bluehost, Nexcess, HostGator ជាដើម ។ អ្នកអាចជ្រើសរើសក្រៅពីនេះក៏បាន។
រកលុយតាមរយៈប្លក់ ឬ គេហទំព័រ
អ្នកទាំងអស់គ្នាដឹងទេ ក្រៅពី Facebook, Youtube អាចរកលុយបាន! ប្លក់ក៏អាចមានវិធីក្នុងការរកលុយបានដូចគ្នា! យើងច្នៃបន្តិចវានិងបានផលជាក់ជាមិនខាន។ ការរកលុយពីប្លក់ យើងអាចធ្វើបានច្រើនវិធីដូចជា ទទួលផ្សាយពាណិជ្ជកម្ម ដាក់តំណរភ្ជាប់ដើម្បីលក់ផលិតផលហើយទទួលបានកម្រៃជើងសារ ប៉ុស្តអត្ថបទឧបត្ថម្ភ ដាក់លក់ផលិតផល ឬ សេវាកម្មផ្សេងៗ ជាក់ស្តែងនៅក្នុងប្លក់របស់ខ្ញុំនេះ ក៏ខ្ញុំបានអនុវត្តខ្លះហើយដែរ ដើម្បីរកលុយទ្រទ្រង់ចំណាយផ្សេងសម្រាប់អោយប្លក់នេះដំណើរការ។
ផ្សព្វផ្សាយអំពីខ្លួនឯង
ច្បាស់ណាស់ប្រសិនបើអ្នកបច្ចុប្បន្នមានជំនាញច្បាស់លាស់អ្វីមួយ ហើយអ្នកបង្កើតប្លក់មកដើម្បីចែករំលែកជំនាញទាំងនោះដល់មហាជនជារឿយៗ នោះថាមិនត្រូវក៏នឹងមានអ្នកចាប់អារម្មណ៌នឹងការងាររបស់អ្នក ហើយអាចនឹងទាក់ទងអ្នកដើម្បីធ្វើការងារអ្វីមួយតាមជំនាញរបស់អ្នកផងក៏មិនដឹង។ មានជំនាញហើយប្រសិនបើមិនផ្សព្វផ្សាយតើនណារអាចដឹងអំពីសមត្ថភាពរបស់អ្នកទៅ?
អភិវឌ្ឍជំនាញរបស់អ្នក
ការចាប់ផ្តើមសរសេរប្លក់មិនមានអ្វីជារឿងលំបាកនោះទេ ក៏មិនត្រូវការអោយអ្នកមានជំនាញអស្ចារ្យណាមួយដែរ។ ប្លក់ចាប់ផ្តើមធម្មតាៗ ចាប់ផ្តើមជាមួយការស្រលាញ់ ការសរសេររៀបរាប់រឿងរ៉ាប់នានា ចូលចិត្តស្រាវជ្រាវ។ ជួនកាលពេលអ្នកចាប់ផ្តើមសរសេរប្លក់សម្រាប់ប្រធានបទមួយ អ្នកអាចប្រហែលមិនដឹងច្បាស់អំពីវាផងក៏ថាបាន តែសរសេរយូរៗទៅអ្នកក៏និងអាចយល់កាន់តែច្បាស់ ចេះកាន់តែច្រើន។
ខ្ញុំសូមលើកឧទាហរណ៌មួយ: អ្នកចង់សរសេរប្លក់អំពីជំហ៊ាននៃការសំរកទំងន់របស់អ្នកតែប៉ុណ្ណោះ ស្រាប់តែសរសេរយូរៗទៅ ស្រាវជ្រាវកាន់តែច្រើនទៅ ថាមិនត្រូវអ្នកអាចក្លាយជាគ្រូដែលអាចបង្ហាត់បង្រៀនអំពីរបៀបធ្វើអោយស្រកទំងន់ក៏ថាបាន។
កែលម្អជំនាញសរសេររបស់អ្នក
តើអ្នកដឹងទេថាបច្ចុប្បន្នយើងម្នាក់ៗសរសេរអក្សរប្រចាំថ្ងៃបានប៉ុន្មានតួ? អ្នកខ្លះប្រហែលមិនបានសរសេរសូម្បីតែមួយតួអក្សរផងក៏មិនដឹង ការងារខ្លះមិនមានតម្រូវការអោយយើងសរសេរអក្សរនោះទេ ដូច្នេះហើយខ្ញុំជឿជាក់ថា ជួនកាលអក្សរជាតិយើងងាយៗមួយចំនួនក៏អាចនិងភ្លេចសរសេរក៏ថាបាន។
ខ្ញុំផ្ទាល់ការចាប់ផ្តើមសរសេរប្លក់នេះឡើង វាជួយអោយខ្ញុំចាំឡើងវិញនូវអក្សរច្រើន ដែលការងារខ្ញុំពីមុនធ្វើអោយខ្ញុំភ្លេចអក្សរអស់ច្រើន មកដល់ថ្ងៃនេះក៏នូវមិនទាន់សរសេរបានល្អផង នៅមានចំណុចខ្វះខាតច្រើន តែខ្ញុំនិងបន្តសរសេរដើម្បីអោយកាន់តែប្រសើរ។
ធ្វើជាថៅកែរបស់ខ្លួនឯង
ប្រសិនបើប្លក់របស់អ្នកអាចរកចំណូលបានទៀតនោះ ច្បាស់ណាស់អ្នកនិងក្លាយទៅជាថៅកែរបស់ខ្លួនឯង មានពេលច្រើនជាមុន ចង់ទៅណាក៏បាន សរសេរអំពីអ្វីក៏បានសម្រេចតាមចិត្តខ្លួនឯង អ្នកនិងមិនមានមេក្រុម ឬ ចៅហ្វាយនាយមកប្រាប់បង្គាប់បញ្ជារអោយធ្វើនេះ ធ្វើនោះ នោះទេ។ ដល់ត្រង់ចំនុចនេះ សេរីភាពនៃការប្រើប្រាស់ពេលវេលារបស់អ្នកគឺស្ថិតក្នុងការសម្រេចចិត្តរបស់អ្នកខ្លួនឯងផ្ទាល់។

ប្លក់បង្រៀនអ្នកអោយចេះរៀបចំពេលវេលា
ការសរសេរប្លក់មួយដែលជោគជ័យ មិនមែនកើតឡើងត្រឹមមួយយប់នោះទេ អ្នកត្រូវរៀបចំប្រធានបទ ស្រាវជ្រាវប្រធានបទ រៀបចំពេលវេលាសរសេរអំពីប្រធានបទនោះ អោយបានច្បាស់លាស់ ការបែងចែកពេលវេលាមិនត្រឹមត្រូវ និងធ្វើអោយអ្នកមិនដឹងចាប់ផ្តើមពីណា ឬ ធ្វើអ្វីមុន មិនយូរទេអ្នកច្បាស់ជាខ្ជិលលែងចង់បើកប្លក់សរសេរបន្តទៀតជាក់ជាមិនខាន។
ដូច្នេះហើយមានប្លក់មួយ ខ្ញុំគិតថាវានិងជាឧបករណ៌ដាស់តឿនអ្នក អោយអ្នកចេះបែងចែកពេលវេលាក្នុងការគ្រប់គ្រង ដើម្បីអោយប្លក់មួយដំណើរការទៅដោយរលូននិងជោគជ័យ។
ជំរុញអោយអ្នកកាន់តែក្លាហាន និងមានទំនុកចិត្ត
អ្នកធ្លាប់ខ្លាចក្នុងការនិយាយខុសឬទេ? ពេលនៅក្នុងថ្នាក់រៀនធ្លាប់មិនហ៊ានលើកដៃឆ្លើយសំនួរគ្រូដែរឬទេ? មិនមានទំនុងចិត្ត ខ្លាចឆ្លើយទៅខុស? និយាយទៅគេសើច? អារម្មណ៌ទាំងអស់នោះខ្ញុំជឿជាក់ថា អ្នកអានរបស់យើងច្បាស់ជាមាន។ យ៉ាងណាការសរសេរប្លក់ វាក៏ជាផ្នែកមួយអាចធ្វើអោយអ្នកមានទំនុកចិត្ត ចាប់ផ្តើមសរសេរបន្តិចម្តងៗ ចែករំលែកចំណេះដឹងខ្លះដល់អ្នកដ៏ទៃ ខុសតិចតួចក្តី អ្នកអានរបស់អ្នកដែលយល់ដឹងច្រើនជាងអ្នកច្បាស់ជាចូលរួមក្នុងការកែតម្រូវ ចែករំលែកបន្ថែម នោះចំណេះដឹងបន្ថែមថ្មីក៏អ្នកទទួលបាន ហើយអារម្មណ៌ខ្លាច ឬ មិនហ៊ានចែករំលែកក៏បាត់បន្តិចម្តងទៅតាមពេលវេលាផងដែរ។
បង្កើនចំណេះដឹងផ្នែកបច្ចេកវិទ្យា
ខ្ញុំជឿថាម្ចាស់ប្លក់នីមួយៗមិនមែនចេះគ្រប់ទាំងអស់នោះទេ ជាក់ស្តែងបទពិសោធន៌ខ្ញុំខ្លួនឯង ថ្ងៃបង្កើតប្លក់ដំបូងចេះត្រឹមតែសរសេរអក្សរដាក់ក្នុងប្លក់ តែដោយសារតម្រូវការចេះតែកើនឡើង ចង់ដាក់រូបភាព ចង់ដាក់វីដេអូ ចង់ដាក់នេះ ចង់ដាក់នោះ ធ្វើអោយខ្ញុំបង្កើនការស្រាវជ្រាវរហូត ដូច្នេះហើយការសរសេរប្លក់វាក៏អាចជាផ្នែកមួយជម្រុញអោយយើងចេះស្រាវជ្រាវ ចេះចង់ដឹងបន្ថែម។
ចុងបញ្ចប់
មកដល់ត្រង់ចំណុងចុងក្រោយនេះ ខ្ញុំគិតថាអ្នកប្រហែលជាបានអានអត្ថបទខាងលើហើយ ហើយប្រហែលជាអាចនឹងគិតថា ចង់សាកល្បងបង្កើតប្លក់មួយនិងគេផងក៏ថាបាន! តែមិនមានអ្វីពិបាកនោះទេ បើតាំងចិត្តថាធ្វើ ខ្ញុំជឿជាក់ថាអ្នកប្រាកដជាធ្វើបាន ឈប់ខ្វល់រឿងមិនចេះសរសេរកូដ កុំខ្វល់រឿងមិនដឹងអំពីការដំឡើងវេបសាយ ឬ មិនចេះស្រាវជ្រាវ។ អ្នកចាប់ផ្តើមពីអ្វីដែលអ្នកចូលចិត្តបំផុត សរសេរអំពីវាទៅ ពីមួយថ្ងៃទៅមួយថ្ងៃ អ្នកច្បាស់ជានឹងអាចសរសេរបានល្អ ហើយអាចសរសេរបន្ថែមមាតិកាផ្សេងៗទៀតនាពេលក្រោយក៏ថាបាន អ្វីដែលពិសេសនោះគឺវាអាចអោយយើងរកចំណូលបានផងដែរ។